កាល ពីព្រេងនាយ មានបិសាចមួយ
ឈ្មោះរាមាសូរ និងនាងអារក្ខទេវីមួយឈ្មោះ មេខលា ។
អ្នកទាំងពីរបាននៅបម្រើមហាឫសីដ៏មានរិទ្ធិម្នាក់ ដើម្បីនឹងរៀនវិជ្ជាមន្តអាគមគាថា ។
បិសាច និងនាងមេខលាបានខំរៀនប្រណាំងប្រជែងគ្នាដើម្បីបំពេញចិត្តគ្រូរៀង ខ្លួន
ហើយអ្នកទាំងពីរប្រកបដោយបញ្ញាវៃក្រៃលែងដូចគ្នា ។
តាបសក៏ស្រឡាញ់អ្នកទាំងពីរនោះស្មើគ្នា ។
កាលបើតាបសបានបង្រៀនសិស្សលោកចប់គ្រប់មុខវិជ្ជាហើយ លោកក៏ចង់ល្បងវិជ្ជាសិស្សមើលថា
តើអ្នកណាមួយប៉ិនប្រសប់ជាងគេ ។ ទើបលោកនិយាយទៅកាន់សិស្សថា “បើអ្នកណា
យកកែវមួយមានទឹកសន្សើមពេញមកឲ្យខ្ញុំបាន នោះខ្ញុំនឹងធ្វើទឹកនោះឲ្យក្លាយទៅជាកែវមនោហរា
ហើយដោយគុណភាពនៃរតនវត្ថុនោះ អ្នកម្ចាស់កែវអាចប្រាថ្នាធ្វើអ្វី ឬចង់បានអ្វី
ចេះតែបានសម្រេចទាំងអស់” ។រាមាសូរ
ក៏យកកែវមួយទៅត្រងទឹកសន្សើមដែលទើនៅស្លឹកឈើ និងស្មៅផ្សេងៗ ។
វាបានខំព្យាយាមធ្វើដូច្នេះជាច្រើនព្រឹក ប៉ុន្តែឥតបានផលល្អសោះ ។
ចំណែកឯនាងមេខលា
ដែលជាស្រីគិតវែងឆ្ងាយក៏រើសយកបណ្ដូលឈើមួយយ៉ាងទន់ស្ពោតៗ ហើយយកទៅដាក់ផ្ដិតលើទឹកសន្សើម
ដែលដក់នៅលើស្លឹកឈើ និងនៅលើស្មៅ ទាល់តែដុំឈើនៅជក់ទឹកពេញទាំងអស់ ។
បន្ទាប់មកនាងមេខលាបានយកដុំឈើនៅទៅច្របាច់ទឹកដាក់ក្នុងកែវ ។ អាស្រ័យដោយហេតុដូច្នេះ
នាងក៏រកទឹកសន្សើមដាក់កែវបានពេញ ហើយក៏យកកែវនោះទៅជូនមហាតាបស ។ ហេតុដូច្នេះ
បានជានាងអារក្ខទេវីត្រូវបានតាបសសម្គាល់ថា ប៉ិនប្រសប់ជាងបិសាច
។តាបសជប់ទឹកសន្សើមនោះឲ្យកើតទៅជាកែវ ហើយប្រគលទៅឲ្យនាងមេខលាដោយប្រាប់ថា “កែវនេះមានគុណភាពខ្លាំងណាស់
បើអ្នកមានបំណងអ្វីមួយ គ្រាន់តែលើកកែវនេះគ្រវីឡើង នោះមួយរំពេច
សេចក្ដីប្រាថ្នារបស់អ្នកនឹងបានសម្រេចភ្លាម មួយទៀតដោយគុណភាពនៃកែវនេះ អ្នកអាចហោះ
កាត់អាកាសកប់ពពកជ្រកអាចម៍ជន្លេនទៅកាន់កន្លែងណាក៏បានទាំងអស់” ។នាងអារក្ខទេវី ក៏ទទួលយកកែវនោះមកលើគ្រវីឡើងលើ
ស្រាប់តែហៅវឹងទៅលើមេឃតម្រងទៅមហាសាគរ ។
ចំណែកឯរាមាសូរ
អាស្រ័យដោយការព្យាយាមដ៏យូរ ក៏រកទឹកសន្សើមដាក់បានពេញកែវ ហើយយកទៅថ្វាយមហាឫសីៗ ពោលថា “ចៅឯងយករបស់នេះមកយឹតយូរពេក
ហួសពេលតាត្រូវការ ឥឡូវតាបានឲ្យរតនវត្ថុនោះទៅនាងមេខលាទៅហើយ មន្តអាគមគាថារបស់តា
អាចជប់វត្ថុបែបនេះបានតែមួយដងទេ” ។កាលបើបានឮមហាតាបសថាដូច្នេះ
រាមាសូរក៏កើតសេចក្ដីទោមនស្សពន់ប្រមាណ ហើយក៏ស្រែកយំអណ្ដើកអណ្ដកយ៉ាងខ្លាំង
។ដើម្បីលួងចិត្តបិសាច តាបសក៏ប្រាប់ថា“ចូរចៅកុំកើតទុក្ខខ្លាំងពេក
ចាំតាឲ្យពូថៅមួយ ពូថៅនេះអ្នកអាចយកទៅឈ្លោះដណ្ដើមយកកែវពីនាងអារក្ខទេវីមេខលាបាន
នាងមេខលានេះ ចូលចិត្តហោះហើរលេងនៅលើអាកាស ដើម្បីមុជទឹកភ្លៀងដែលមានភ្លៀងម្ដងៗ
ចូរអ្នកចោលពូថៅនេះទៅលើវា វានឹងបោះចោលកែវដ៏មានតម្លៃនោះ ប៉ុន្តែនៅពេលប្រយុទ្ធគ្នានោះ
ចៅឯងឃើញវាលើកកែវឡើងគ្រវី ចូរចៅឯងបិទភ្នែកភ្លាម មុននឹងចោលពូថៅទៅលើវា” ។កាលបើរាមាសូរបានពូថៅមកកាន់នៅនឹងដៃហើយ វាក៏ហោះស្វែងរកនាងមេខលា
ដើម្បីដណ្ដើមកែវមនោហរា ប៉ុន្តែកាលបើបានឃើញនាងកាលណា នាងក៏យល់ឃើញភ្លាមថា
បិសាចនេះប្រាកដជាមកមានបំណងធ្វើអាក្រក់មកលើនាងពុំខាន ទើបនាងលើកកែវគ្រវីឡើង
ហោះទៅលើអាកាសវេហាខ្ពស់ក្រៃលែងខ្ពស់ ។
កាលបើក្រឡេកឃើញពន្លឺចាំង
នៃកែវមានសិល្ប៍ភ្លាម បិសាចក៏បិទភ្នែកវាជិតរួចគ្រវែងអាវុធវាទៅ ។អាវុធនោះ
ក៏ហោះយ៉ាងលឿនឮសូរសម្បើមក្រៃលែង ប៉ុន្តែឥតត្រូវនាងមេខលាទេ ។ចាប់តាំងពីពេលនោះមក
ទើបនៅពេលមានភ្លៀងផ្គរគេឃើញចាំងពន្លឺកែវហើយឮសូរសម្លេងយ៉ាងខ្លាំងនៃអាវុធនោះ
។អាស្រ័យហេតុនេះហើយ បានជាក្នុងភាសាខ្មែរយើងឲ្យឈ្មោះដុំថ្មទាំងឡាយណា
ដែលឃើញមានរាងដូចផ្លែពូថៅ ឬចបកាប់ក្បាលស្រួច ឬដូចកាំបិតថា “កាំរន្ទះ” ហើយសន្មតរបស់ទាំងនេះថា ជាព្រួញរបស់យក្សបាញ់ នៅលើមេឃធ្លាក់មកដី ។

Post a Comment