ពុទ្ធសាសនិកខ្មែរយើងមានទម្លាប់មួយខុសឆ្គងយកតែមែនទែន
ហើយមិនបានដឹងថាខ្លួនធ្វើខុសទាល់តែសោះ ។ ហេតុនេះ
ខ្ញុំនឹងលើកយកបញ្ហានេះមកបង្ហាញដើម្បីឲ្យកាន់តែយល់ច្បាស់អំពីព្រះពុទ្ធសាសនារបស់ខ្លួន
។ដែលខ្ញុំថាជាទង្វើខុសនោះគឺខុសក្នុងពេលយកគ្រឿងបង្សុកូលទៅវត្ត
ពុទ្ធបរិស័ទតែងឲ្យលោកអាចារ្យវេរដើម្បីបញ្ជូនគ្រឿងបង្សុកូលទៅដូនតាញាតិមិត្តដែលបានចែកឋានទៅកាន់បរលោក
។ មួយទៀតលោកតែងប្រគេនចង្ហាន់ដល់ព្រះសង្ឃ ពេលព្រះអង្គសូធ្យ
កុសលាធម្មា អកុសលាធម្មា… ដោយមានច្រូចទឹកផង ។
ទម្លាប់នេះមិនថាតែពុទ្ធបរិស័ទទេដែលធ្វើខុស
លោកអាចារ្យក៏ធ្វើខុសដូចគ្នាដែរ ដែលខុសភាគច្រើននោះ
គឺមកអំពីលោកអាចារ្យជាអ្នកណែនាំនោះឯង ។តាមទម្លាប់ ពេលឮសំឡេងធម៌
កុសលាធម្មា ចាស់ៗឈូឆរនាំគ្នាប្រគេនចង្ហាន់ ខ្លះច្រូចទឹក
អ្នកខ្លះមិនបានច្រូចដោយផ្ទាល់ក៏ត្រូវកាន់ដៃ
ឬប៉ះជើងតគ្នាជាមួយអ្នកដែលបានកាន់ទឹកច្រូចនោះ សន្មតថាបានច្រូចដែរ
។ ការធ្វើបែបនេះមិនមែនជាការត្រឹមត្រូវទេ
ដោយត្រឹមត្រូវគឺគួរតែត្រងត្រាប់ស្ដាប់ព្រះធម៌ដោយយកចិត្តទុកដាក់
និងប្រកបដោយសទ្ធាយ៉ាងមុតមាំចំពោះព្រះធម៌នោះ ។
ការប្រគេនចង្ហាន់ក្នុងពេលព្រះសង្ឃកំពុងសូធ្យ
ធ្វើឲ្យគ្រប់គ្នាលែងបានស្ដាប់ព្រះធម៌ ព្រះសង្ឃសូធ្យតែព្រះអង្គឯង មិនមានអ្នកស្ដាប់
ហើយព្រះសង្ឃនោះក៏ត្រូវអាបត្តិព្រោះសូធ្យធម៌អត់អ្នកស្ដាប់នោះឯង
។ដូច្នេះការវេរចង្ហាន់តាមអាចារ្យ
ការប្រគេនចង្ហាន់ពេលព្រះសង្ឃកំពុងសូធ្យនោះមិនត្រឹមត្រូវ
ហើយមិនបានកុសលសោះ ។ ការធ្វើបុណ្យបានកុសលនោះ គឺការស្ដាប់ធម៌ដោយសង្រួម, ដោយយកចិត្តទុកដាក់ មិនរំខានដល់ការសូធ្យធម៌របស់ព្រះសង្ឃ
មិនរំខានដល់អ្នកដទៃក្នុងពេលព្រះសង្ឃសម្ដែងធម៌ ។ ព្រោះអ្វី ? ព្រោះអាហារដែលប្រគេនដល់ព្រះសង្ឃមិនអាចឲ្យអាហារទាំងនោះបានទៅដល់ដូនតាដោយអាហារទាំងដុំៗនោះ
ឬបរិភោគអាហារទាំងនោះបានឡើយ ។
យើងបញ្ជូនបានត្រឹមតែកុសលដែលយើងបានធ្វើដោយអាហារចំពោះព្រះសង្ឃ
និងកុសលដែលយើងបានត្រងត្រាប់ស្ដាប់នូវព្រះធម៌ប៉ុណ្ណោះ
។ចុះអ្វីជាប្រតិបត្តិត្រឹមត្រូវ ? គឺយើងគួរស្ដាប់ធម៌ដោយយកចិត្តទុកដាក់
ស្ដាប់ចប់សឹមក្រោកប្រគេនចង្ហាន់ដល់ព្រះសង្ឃ
ប្រគេនរួចចាប់ផ្ដើមឧទ្ទិសបុណ្យកុសលដែលយើងបានធ្វើដល់ញាតិមិត្ត ដូនតា
ទេព្ដា ប្រេត អសុរកាយ និងសត្វតិរច្ឆានទាំងឡាយ, អ្នកទាំងឡាយនោះអនុមោទនាយកបុណ្យកុសលដែលយើងបានធ្វើដោយពាក្យថាសាធុនោះហើយ
ក៏បានទទួលនូវចំណែកបុណ្យដែលយើងបានធ្វើទាំងនោះ
បុណ្យទាំងនោះក៏មិនបាត់បង់អំពីខ្លួនរបស់យើង
ប៉ុន្តែក៏បានបុណ្យកុសលថែមទៀតព្រោះតែចំណែកបុណ្យដែលយើងបានចែកឲ្យអ្នកទាំងនោះ, នេះទើបជាហេតុផលក្នុងព្រះពុទ្ធសាសនា ។
ហេតុនេះហើយ
យើងជាពុទ្ធសាសនិក ជាអ្នកដែលជឿជាក់លើព្រះពុទ្ធសាសនា
គួរប្រតិបត្តិឲ្យបានត្រឹមត្រូវតាមគន្លងព្រះពុទ្ធសាសនា, គួរស្គាល់ព្រះពុទ្ធសាសនារបស់ខ្លួនឲ្យបានច្បាស់លាស់
កុំឡូកឡំជាមួយសាសនាដទៃដែលមិនសមហេតុផល
នេះទើបហៅថាជាពុទ្ធសាសនិកពិតប្រាកដ
។ខ្ញុំបានសូមលើកយកហេតុផលខ្លីៗត្រឹមប៉ុណ្ណេះ
បើការយល់របស់ខ្ញុំនៅមានការខ្វះខាត សូមលោកអ្នកដែលមានប្រាជ្ញាជួយកែតម្រូវនិងបំពេញដើម្បីជាការរួមចំណែកលើកកម្ពស់ដល់ព្រះពុទ្ធសាសនាដ៏ល្អផូរផង់នេះ
ឲ្យបានគងវង់យូរអង្វែងតទៅអើយ ។

Post a Comment